Workshop

សិក្ខាសាលាផ្សព្វផ្សាយ​ច្បាប់ស្ដីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងខេត្តកំពង់ឆ្នាំង
សិក្ខាសាលាផ្សព្វផ្សាយ​ច្បាប់ស្ដីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងខេត្តកំពង់ឆ្នាំង

នាព្រឹកថ្ងៃពុធ ១១រោច ខែកត្ដិត ឆ្នាំជូត ទៅស័ក​ ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ​អាជ្ញាធរសវនកម្មជាតិ បានរៀបចំអង្គសិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា» ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត សួន សិទ្ធី អគ្គសវនកររង តំណាងលោកជំទាវ បណ្ឌិត សោម គីមសួគ៌ អគ្គសវនករ នៃអាជ្ញាធសវនកម្មជាតិ។

សិក្ខាសាលានេះធ្វើឡើងរយៈពេល២ថ្ងៃ ថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការចូលរួមពីតំណាងក្រុមប្រឹក្សាខេត្ត, លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត តំណាងអភិបាលខេត្តកំពង់ឆ្នាំង និងមានសិក្ខាកាមសរុបចំនួន៩០នាក់ ដែលធ្វើនៅសណ្ឋាគាររស្មីសុខាញូយ៉ក-ខេត្តកំពង់ឆ្នាំង។ សិក្ខាសាលានេះ រៀបចំដោយអាជ្ញាធរសវនកម្មជាតិ ក្រោមថវិកាគាំទ្រពីកម្មវិធី​​ កែទម្រង់ការគ្រប់គ្រង់ហិរញ្ញវត្ថុសាធារណៈ។

ថ្លែងនៅក្នុងឱកាសនោះ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណ ដល់សវនកម្មជាតិ ចុះមកបើកសិក្ខាសាលានៅខេត្តកំពង់ឆ្នាំង ដើម្បីពង្រឹងសមត្ថភាពមន្ត្រីរាជការ តាមមន្ទីរនានាជុំវិញខេត្ត ឲ្យមានការយល់ដឹងខ្ពស់អំពីសវនកម្ម ហើយសូមសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការត្រងត្រាប់ស្ដាប់ ដើម្បីយកជាចំណេះដឹងក្នុងការអនុវត្តកិច្ចការងារឲ្យបានល្អប្រសើរ។

​ឯកឧត្តម បណ្ឌិត សួន សិទ្ធី បានគូសបញ្ជាក់ថា អង្គសិក្ខាសាលានាពេលនេះ មានគោលដៅចូលរួមពង្រឹង និងបង្កើនសមត្ថភាព ដល់មន្ត្រីរាជការដែលបំពេញការងារ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីគាំទ្រយន្តការអនុវត្តការងារសវនកម្ម ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធភាពខ្ពស់ ក្នុងការសម្រេចគោលបំណង រួមចំណែក កាត់បន្ថយ និងទប់ស្កាត់នូវរាល់កំហុសដែលបង្កឲ្យមានគុណវិបត្តិ ក្នុងការគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិ ព្រមទាំងពង្រឹង និងបង្កើនជំនឿចិត្តលើកិច្ចការងារ សវនកម្មពីសំណាក់សាធារណៈជនជាតិ និងអន្តរជាតិ លើការត្រួតពិនិត្យ, ការគ្រប់គ្រង និងការប្រើប្រាស់ហិរញ្ញវត្ថុសាធាណៈ របស់រាជរដ្ឋាភិបាល ប្រកបដោយតម្លាភាព និងគណនេយ្យភាព។

ឯកឧត្តម បណ្ឌិត បន្តទៀតថា អាជ្ញាធរសវនកម្មជាតិ ជាស្ថាប័នសវនកម្មកំពូល ដែលមិនអាចខ្វះបានក្នុងបរិបទ នៃប្រទេសកម្ពុជា ដែលជាប្រទេសនីតិរដ្ឋ និងប្រជាធិបតេយ្យ ហេតុដូច្នេះហើយ ទើបតម្រូវឲ្យអង្គភាព-ស្ថាប័ន, មន្ទីរជំនាញ, ក្រុង-ស្រុក និងឃុំ-សង្កាត់ ចំណុះរដ្ឋបាលខេត្តកំពង់ឆ្នាំងទាំងអស់ ចាំបាច់ត្រូវបន្តសហការ ជាមួយអាជ្ញាធរសវនកម្មជាតិ ដើម្បីពង្រឹងអភិបាលកិច្ចល្អ លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, កែលម្អកំហុសឆ្គង និងបំពេញរាល់កង្វះខាត សំដៅជំរុញឲ្យការអនុវត្តការងារទទួលបានប្រសិទ្ធផលខ្ពស់។

ក្នុងអង្គសិក្ខាសាលា ឯកឧត្តម បណ្ឌិត ព្រហ្ម វិចិត្រសុភ័ណ្ឌ អគ្គលេខាធិការរង នៃអាជ្ញាធរសវនកម្មជាតិ បានធ្វើបទបង្ហាញស្តីពី «ច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈ នៃព្រះរាជណាចក្រកម្ពុជា» ដោយកំណត់លើ៤ ចំណុចសំខាន់ៗ រួមមាន៖ ទី១៖ សាវតាស្ថាប័នអាជ្ញាធរសវនកម្មជាតិ, ទី២៖ ហេតុអ្វីត្រូវមានច្បាប់ស្តីពីសវនកម្ម នៃព្រះរាជាណាចក្រកម្ពុជា, ទី៣៖ ខ្លឹមសារនៃច្បាប់សវនកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងទី៤៖ ខ្លឹមសារនៃស្តង់ដារសវនកម្មសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរជំនាញ, កងកម្លាំងប្រដាប់អាវុធ, ក្រុង-ស្រុក, ឃុំ-សង្កាត់ និងអង្គភាពពាក់ព័ន្ធ នៃរដ្ឋបាលខេត្តកំពង់ឆ្នាំង ព្រមទាំងបានធ្វើការបកស្រាយ និងឆ្លើយបំភ្លឺនូវសំនួរមួយចំនួន ដែលបានលើកឡើងដោយសិក្ខាកាម នៃអង្គសិក្ខាសាលា។

គួរំលឹកផងដែរថា អាជ្ញាធរសវនកម្មជាតិ គឺជាស្ថាប័នសាធារណៈឯករាជ្យ អំពីកិច្ចប្រតិបត្តិការការងារ និងមានភារកិច្ចធ្វើការត្រួតពិនិត្យ និងផ្តល់អនុសាសន៍កែតម្រូវ លើរាល់កំហុសឆ្គងរបស់អង្គភាពរងសវនកម្ម ព្រមទាំងធ្វើរបាយការណ៍ ស្តីពីលទ្ធផលការងារ ជូនស្ថាប័ននីតិបញ្ញត្តិ ពោលគឺរដ្ឋសភា និងព្រឹទ្ធសភា និងចម្លងជូនរាជរដ្ឋាភិបាល៕

 


Print
SHARE IN SOCIAL MEDIA AND EMAIL
Recent News

November 6, 2020

សិក្ខាសាលាផ្សព្វផ្សាយ​ច្បាប់ស្ដីពីសវនកម្ម

នាព្រឹកថ្ងៃ អង្គារ ៣រោច ខែកត្ដិត ឆ្នាំជូត ទៅស័ក​ .ស ២៥៦៤

October 30, 2020

សិក្ខាសាលាផ្សព្វផ្យាយសៀវភៅណែនាំ

លោកជំទាវ បណ្ឌិត សោម គីមសួគ៌ អគ្គសវនករ

August 13, 2019

ថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១២

April 27, 2019

សិក្ខាសាលាផ្សព្វផ្សាយ​ប្រចាំខេត្តកោះកុង

          នាព្រឹកថ្ងៃ សុក្រ ៧រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក​ .

April 25, 2019

សិក្ខាសាលាផ្សព្វផ្សាយប្រចាំខេត្តកំពង់ស្ពឺ

          នាព្រឹកថ្ងៃពុធ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក​ .